កុំអស់សង្ឃឹមក្នុងជីវិត ហើយប្រើពេលវេលាឲ្យមានតម្លៃពេលដែលគ្មានគេម្នាក់នោះ!

ពុធ​ ,17 តុលា 2018 ម៉ោង 16:33 | 80Air

មានប្រិយមិត្តជាច្រើនដែលមិនដឹងថា នៅពេលបាត់បង់ស្នេហាត្រូវធ្វើអ្វីខ្លះដើម្បីឲ្យខ្លួនមានអារម្មណ៍ប្រសើរជាងមុន?
ដូចនេះ យើងសូមជូនគន្លឹះមួយចំនួនដែលមិត្តអ្នកអានគួរធ្វើតាម ។

តែមុននឹងប្រតិបត្តិត្រូវមានការប្តេជ្ញា២ធំៗ ៖
ទី១ ទទួលស្គាល់ការពិតថាស្នេហាមួយនេះត្រូវបានបាត់បង់
ទី២ ដើរឆ្ពោះទៅមុខដោយគ្មានការថយក្រោយ។

គន្លឹះទាំងអស់នោះមានដូចតទៅ ៖

ទី១ ត្រូវចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង កុំឲ្យជ្រុលទៅតាមរឿងភាគ

ការឈឺចាប់មិនអាចស្ទាបស្ទង់បានទេ បើចង់យំ យំឲ្យអស់ចិត្ត ដូចនេះអ្នកមានអារម្មណ៍ធូរស្បើយបន្តិចបន្ទាន់ពីយំហើយ។

ទី២ កុំគិតពីអវិជ្ជមានពេក

នៅពេលអ្នកឈឺចាប់គឺមានតែខ្លួនឯងទេ ដែលអាចព្យាបាលខ្លួនឯងបាន អ្នកជុំវិញខ្លួនយើងគ្រាន់តែជាអ្នកមកលួងកំដរក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ម្យ៉ាងទៀតកុំខ្វល់ពីអ្នកដែលដើរចេញពីយើងអី គេបានសុខហើយ គេមានជម្រើសរបស់គេ ត្រូវចេះស្រលាញ់ខ្លួនឯងឡើង។

ទី៣ កុំលាក់ពីអារម្មណ៍ពិត

អ្នកអាចនិយាយរឿងហេតុទាំងអស់ទៅកាន់មិត្តភក្តិយើងដែលគេយល់ចិត្តយើងច្បាស់ ឬក៏អាចនិយាយប្រាប់បងប្អូន ជាពិសេសនោះឳពុកម្តាយទៀតកាន់តែល្អ ត្រូវចាំថា ទោះជាយើងទៅជាយ៉ាងណាក៏ដោយ ក៏ឳពុកម្តាយយើងនៅតែស្រលាញ់យើងដែរ។ បន្ទាប់ពីបានបកស្រាយហើយ អ្នកនឹងមានអារម្មណ៍ធូរស្រាលមួយកម្រិតទៀត ព្រោះពួកគាត់ទាំងនោះមិនចង់ឲ្យយើងឈឺចាប់នោះទេ។

ទី៤ កុំចុះចាញ់ខ្លួនឯងដោយសារបាត់បង់ស្នេហា

ត្រូវចាំថា យើងពិបាកប៉ុណ្ណេះ នៅមានមនុស្សជាច្រើនពិបាកជាងយើងទៅទៀត។ ហើយកុំគិតខ្លីឲ្យសោះ ព្រោះអ្វីយើងមិនដឹងថា មាននរណាប៉ុន្មាននាក់បន្ទាប់ទៀតទេ ដែលចូលក្នុងជីវិតយើង ហើយចាកចេញពីវិញ។ ត្រូវធ្វើ់ឲ្យខ្លួនរឹងប៉ឹងឡើង ព្រោះអីពេលខ្លះ គំនិតយើងនៅក្មេងខ្ចីណាស់។

ទី៥ ជៀសចេញឲ្យឆ្ងាយនៅកន្លែងដែលយើងធ្លាប់ទៅជាមួយអ្នកចាស់

អារម្មណ៍មនុស្សវិលវុលពេញនឹង ទៅកន្លែងដែលធ្លាប់ទៅធ្វើអាចធ្វើឲ្យអ្នកនឹកឃើញពេលវេលាល្អៗដែលនៅជាមួយគេ តែត្រូវចងចាំថា វាគ្រាន់តែជាអនុស្សាវរីយ៍តែប៉ុណ្ណោះ វាមិនអាចកើតឡើងក្នុងពេលបច្ចុប្បន្នឡើយ។ បើសិនជាអាច អ្នកគួរតែលុបរូបមួយចំនួនដែលអ្នកទាំង២ធ្លាប់ថតជាមួយគ្នា ហើយកុំចូលមើល Facebook គេឲ្យសោះណា វានឹងអាចធ្វើឲ្យអ្នកឈឺចាប់គ្រប់ពេល។

ទី៦ ត្រូវចាំថា ត្រូវស្រលាញ់ខ្លួនឲ្យច្រើនៗ

ការឈឺចាប់បែបនេះអាចមានផលប៉ះពាល់ដល់សុខភាពយើងខ្លាំង អ្នកខ្លះធ្វើទុក្ខទារុណកម្មខ្លួនឯង ដោយបង្អត់បាយក៏មាន។ តែក្រលេកមកនេះវិញ បើយើងពេលទាំងនោះទៅហាត់ប្រាណ ញ៉ាំអ្វីដែលខ្លួនចង់ញ៉ាំ ជួបមិត្តភក្តិជិតស្និទ្ធិ ដើរលេងឆ្ងាយៗជាមួយក្រុមគ្រួសារ បង្កើតអនុស្សាវរីយ៍ល្អទុកគ្រាន់មើលនៅថ្ងៃក្រោយមិនល្អជាជាង ត្រូវអត់មិត្តអ្នកអាន?

ទី៧ ត្រូវចងចាំទុកថា ថ្ងៃមិនល្អប្រាកដជាមាន

ពេលខ្លះទោះធ្វើខ្លួនសប្បាយចិត្តប៉ុណ្ណា កំពុងតែអង្គុយលេងសុខៗ ស្តាប់បទចម្រៀងហើយ ដូចរឿងខ្លួនឯង វានឹងអាចធ្វើឲ្យយើងមិនសប្បាយចិត្តមួយប៉ប្រិចភ្នែក។ ដូច្នេះ យើងត្រូវតាំងចិត្តឲ្យមាំ រៀនញញឹមទាំងខ្លួនមិនសប្បាយចិត្តតិចតួច កុំឲ្យអារម្មណ៍មិនល្អមួយនោះបំផ្លាញយើងពេញមួយថ្ងៃ។

ទី៨ កុំផ្តល់ឱកាសឲ្យគេ

ត្រូវចាំខ្លួនឯងថា មានមនុស្សជាង៧កោដិនាក់ មិនខ្វះមនុស្សដែលអាចធ្វើឲ្យអ្នកសប្បាយចិត្តទេ ហើយក៏មិនខ្វះមនុស្សដែលល្អជាងអតីតដែរ។ ម្យ៉ាងទៀត អ្នកបានខូចចិត្តដោយសារគេ វាគឺជាស្នាមរបួសដែលជាមេរៀនក្នុងជីវិត បើអ្នកឲ្យគេចូលក្នុងជីវិតអ្នកម្តងទៀត គឺនឹងដឹងពីចំនុចខ្សោយអ្នកដែលខ្វះគេមិនបាន ហើយគេនឹងធ្វើបាបចិត្តអ្នកម្តងហើយម្តងទៀត ។ មួយវិញទៀត វាជាឱកាសល្អសម្រាប់សងសឹកគេផងដែរ។

អត្តបទស្រដៀង

ផ្សព្វផ្សាយពាណិជ្ជកម្ម