ទីបំផុត! ក្រុមជំរើសជាតិ Brazil បានឡើងទៅវគ្គប្រាំបីក្រុមចុងក្រោយហើយ

ច័ន្ទ​ ,02 កក្កដា 2018 ម៉ោង 16:53 | 80Air

ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​បាន​ឡើង​ទៅ​វគ្គ​​៨​ក្រុម​ចុង​ក្រោយ​ (វគ្គ​១/៤)​ បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​ម៉ិកស៊ីកូ​ដោយ​លទ្ធផល ២-០នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៃ​ពាន​បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០១៨។

ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​ពិត​​ជា​មាន​ទម្រង់​លេង​ប្រយុទ្ធ​​លឿន​ៗ​ និង​ការពារ​​ល្អ​​ដូច​គ្នា។ ប្រេស៊ីល​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​​នៅ​តំបន់​បម្រើ​ និង​ប្រយុទ្ធ​​ដោយ​ទទួល​បាន​ឱកាស​ស៊ុត​ជា​ញឹកញាប់​ ប៉ុន្តែ​ជា​រឿយ​ៗ​​ត្រូវ​បាន​អ្នក​ចាំ​ទី​ម៉ិកស៊ីកូ​ជួយ​សង្គ្រោះ​បាន​នៅ​វគ្គ​ទី​១។ ម៉ិកស៊ីកូ​​មិន​សូវ​សម្រុក​ខ្លាំង​ទេ​​ដោយ​​ព្យាយាម​​វាយ​បកម្តង​​ម្កាល​​​ប្រកប​ដោយ​​ថ្នាក់​ដែរ។

ការ​ប្រកួត​វគ្គ​ទី​២​ទើប​មាន​គ្រាប់​​បាល់​កើត​ឡើង​​​ពី​ការ​សម្រុក​ឥត​ប្រណី​​របស់​​ប្រេស៊ីល។ ខ្សែ​បម្រើ​ Willian បាន​អូស​បាល់​ចូល​ប្រអប់​គ្រោះ​ថ្នាក់​ រួច​បញ្ជូន​បាល់​ឲ្យ​ Neymar ស៊ូត​ចូល​ទី​​បាន​សម្រេច​នៅ​នាទី​៥១។ បន្ទាប់​ពី​ដៃ​គូ​នាំ​មុខ ម៉ិកស៊ីកូ​បាន​វាយ​សម្រុក​យ៉ាង​ខ្លាំង ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​ម៉ិកស៊ីកូ​ភាគ​ច្រើន​​ព្យាយាម​ស៊ុត​​ម្នាក់​ឯង​ពី​ចម្ងាយ​ដោយ​មិន​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ដែល​នៅ​ឆ្វេង​ស្តាំ​ឡើយ ហើយ​ការ​ស៊ុត​ក៏មិន​បាន​លទ្ធផល​ថែម​ទៀត។

ផ្ទុយ​ទៅ​វិញ ប្រេស៊ីល​មាន​ឱកាស​ស៊ុត​ល្អ​ៗ​ជាង​ ប៉ុន្តែ​អ្នក​ចាំ​ទី​ម៉ិកស៊ីកូ​​សង្គ្រោះ​បាល់​គ្រោះ​ថ្នាក់​ជា​ច្រើន​លើក។ ទី​បំផុត​នៅ​ចុង​វគ្គ​ ប្រេស៊ីល​ធ្វើ​​​បាន​១​គ្រាប់​ទៀត​​តាម​រយៈ​ពី​ការ​ស៊ុត​របស់​​ Neymar ផុត​អ្នក​ចាំ​ទី​ហើយ​ Firmino សម្រេច​ទី​​បាន​សម្រេច​។ ​​២​គ្រាប់​នេះ​បញ្ជូន​ប្រេស៊ីល​ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយ ខណៈ​ម៉ិកស៊ីកូ​ត្រូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ត្រឹម​​វគ្គ​នេះ​ហើយ៕

អត្តបទស្រដៀង

ផ្សព្វផ្សាយពាណិជ្ជកម្ម